កំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីការរៀបចំតារាងប្រៀបធៀបកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋ សម្រាប់ឆ្នាំ២០២៣ និងការប្រើប្រាស់ប្រព័ន្ធ SARMIS របស់មន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី ប៊ន សុភី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្ត អមដោយលោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ហុិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោកឧត្ដមសេនីយ៍ លោក លោកស្រីតំណាងប្រធានមន្ទីរ-អង្គភាព តំណាងអភិបាលក្រុង ស្រុក, លោក លោកស្រីមេឃុំ ចៅសង្កាត់/ស្មៀន ជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ និងមន្ត្រីជំនាញរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត សរុបចំនួនប្រមាណ ១៩០រូប។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ការប្រើប្រាស់ឆ្នាំ២០២៣, ការប្រើប្រាស់ប្រព័ន្ធ SARMIS និងការរៀបចំធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ។ ក្នុងឱកាសនេះផងដែរមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានប្រគល់ កំព្យូទ័រយូរដៃ, External និងកាបូប ចំនួន ២០ឈុត ជូនដល់ជំនួយការហិរញ្ញវត្ដុនៃរដ្ឋបាលឃុំ សង្កាត់ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (GSC) នៃក្រសួងសហវ ។