កំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានសហការជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) រៀបចំសិក្ខាសាលាស្ដីពី "ការប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់ការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ" ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ និងឯកឧត្តម យិន សាវ៉េន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់លោក លោកស្រីតំណាងមន្ទីរអប់រំ យុវជន និងកីឡា និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី នាយក-នាយិការ និងលោកគ្រូ អ្នកគ្រូ ចំនួនប្រមាណជិត ១៨០រូប នៃសាលារៀន ចំនួន ០៥ស្រុក ក្នុងខេត្តកំពង់ឆ្នាំង និងប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈនៃវិស័យអប់រំ ក្នុងន័យសិក្សាអំពីការប្រែប្រួលគុណភាពនៃសេវាអប់រំ ដែលជាបច្ច័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក។